Banner-right
Banner-right

ជប៉ុនការពារ “ចំណែកសមស្រប” ក្នុងបន្ទុកយោធាសហរដ្ឋអាម៉េរិក

(អន្តរជាតិ)៖ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន Yoshihide Suga កាលពីថ្ងៃពុធ ៤ធ្នូនេះ ក្នុងសន្និសីទសារព័ត៌មានមួយ មិនធ្វើអត្ថាធិប្បាយលម្អិតអំពីការចរចានៅពេលអនាគត ជាមួយសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការចែករំលែកចំណាយសម្រាប់កងទ័ពសហរដ្ឋអាម៉េរិក ក្នុងខណៈដែលលោកបានការពារបន្ទុករបស់ជប៉ុនថា “ជាចំណែកសមរម្យ” ហើយ។

លោកថ្លែងថា ប្រទេសទាំងពីរ “កំពុងតែមានចំណែកសមរម្យក្នុងពេលនេះ” លើបន្ទុកវិស័យការពារ។ សារព័ត៌មានជប៉ុន និយាយថា “លោករដ្ឋមន្ត្រី មិនបានធ្វើការកត់សម្គាល់ឲ្យជាក់លាក់បន្ថែមទេ” ទាក់ទងនឹងសេចក្តីអធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា “សម្លាញ់” នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ត្រូវតែជួយសហរដ្ឋអាម៉េរិក ពីព្រោះថា ជប៉ុនជាប្រទេសអ្នកមាន។ កាលពីខែវិច្ឆិកា Foreign Policy បានធ្វើសេចក្តីរាយការណ៍មួយថា លោក ត្រាំ អាចនឹងសូមឲ្យ ក្រុងតូក្យូ ដំឡើងឲ្យបានបួនដង នូវការបង់ថ្លៃសម្រាប់កងទ័ពសហរដ្ឋអាម៉េរិកនៅក្នុងប្រទេសជប៉ុន ឬប្រមាណជា៨ពាន់លានដុល្លារក្នុងមួយឆ្នាំ។

របាយការណ៍នោះ ត្រូវបានបោះផ្សាយក្នុងពេលមានការចរចាដ៏ក្តៅគគុករវាងក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល ពីការបង្កើនចំណាយសម្រាប់កងទ័ពសហរដ្ឋអាម៉េរិកនៅឧបទ្វីបកូរ៉េ។ ជប៉ុន អាចនឹងប្រាន់យកអភិក្រមមួយដោយប្រុងប្រយ័ត្នស្តីពីចំណាយលើផ្នែកការពារ និងអាចសម្របតាមការទាមទាររបស់លោក ត្រាំ ឲ្យបន្ទាបតារាងពន្ធទំនិញសហរដ្ឋអាម៉េរិក៕ ដោយ៖ Kosal R

អត្ថបទដែលជាប់ទាក់ទង