Banner-right
Banner-right

ខេត្តកំពង់ឆ្នាំងប្រារព្ធ «ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩»

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងសាខាកាកបាទក្រហមខេត្តបានសហការគ្នា រៀបចំប្រារព្ធពិធីទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអភិបាល អភិបាលរងខេត្ត ស្រុក គណៈកម្មការសាខាកាកបាទក្រហម គណៈកម្មកាធិការ និងលេខាធិការដ្ឋានអេដស៍ខេត្ត ថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស យុវជន សសយក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធវិទ្យា អង្គការនានា រួមទាំងអ្នកជំងឺអេដស៍ ជាង៤០០នាក់។

ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ នេះ ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ ចំពោះសុខភាពប្រជាជន យុវជន យុវនារី និងជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រដ្ឋាភិបាល និងឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ មុនគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដូច្នេះសាខាកាកបាទក្រហមកម្ពុជា បានសហការជាមួយនឹងក្រសួងសុខាភិបាលរាជធានី ខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយសារលិខិតសម្ដេចគត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ឲ្យបានទូលំទូលាយដល់មហាជនក្នុងសហគមន៍ទៅតាមការចាំបាច់។

ក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូសហប្រតិបត្តិការជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា និងកាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដ៍ រហូតសម្រេចបាននូវការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៍នៅក្នុងចំណោមប្រជាជនទូទៅចាប់ពីអាយុ១៥ឆ្នាំ ទៅ ៤៩ឆ្នាំបានធ្លាក់ចុះពី១.៦% នៅឆ្នាំ ១៩៨៨ ធ្លាក់ចុះមកនៅ១%នៅឆ្នាំ ២០០៦ និងធ្លាក់ចុះជាបន្តបន្ទាប់មកនៅ ០.៨% នៅឆ្នាំ២០១០ និង ០.៥%នៅឆ្នាំ២០១៩នេះ។ ជាមួយគ្នានេះរបាយការណ៍សង្ខេបរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅឆ្នាំ២០១៩នេះ បានបង្ហាញឲ្យដឹងថា កម្ពុជាអាចកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មី បានពី២៣០០នាក់ ក្នុងឆ្នាំ២០១០ មកនៅត្រឹមចំនួនប្រមាណ៨៨០នាក់ ក្នុងឆ្នាំ២០១៩ ចំណែកឯការផ្ដល់ឱសថប្រឆាំងមេរោគអេដ៍វិញ សម្រេចបាន ៩៩% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ដែលកំពុងត្រូវការឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាល ហើយដែលជាលទ្ធផល បានធ្វើឱ្យអត្រាមរណភាព ដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ។ លើសពីនេះទៅទៀត អត្រាធ្វើតេស្តឈាម រកមេរោគអេដស៍ ក្នុងចំណោមស្ត្រីមានផ្ទៃពោះ បានកើនឡើងខ្ពស់ អត្រាចម្លងពីម្ដាយដែលមានផ្ទុកមេរោគអេដស៍ទៅកូន និងសន្ទស្សន៍នៃការរើសអើង មើលងាយ អ្នកផ្ទុកមេរោគអេដស៍អ្នកជំងឺអេដស៍ មានការថយចុះយ៉ាងខ្លាំងគួរជាទីមោទនៈ៕ ដោយ៖ សុក្ខារិន

អត្ថបទដែលជាប់ទាក់ទង