នារីដែលលោតទឹកសម្លាប់ខ្លួនលើស្ពានដែករថភ្លើងនៅពោធិ៍សាត់ សពត្រូវបានប្រទះឃើញអណ្តែតឡើងហើយ

(ពោធិ៍សាត់)៖ សាកសពនារីដែលបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានដែករថភ្លើងនៅខេត្តពោធិ៍សាត់នោះ ត្រូវបានគេប្រទះឃើញអណ្តែតឡើងហើយនៅថ្ងៃទី១១ធ្នូនេះ នៅស្ទឹងពោធិ៍សាត់ក្បែផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញីក្រុង និងខេត្តពោធិ៍សាត់។

សូមបញ្ជាក់ផងដែរថា ហេតុការណ៍នារីដែលធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនបានកើតឡើងនៅវេលាម៉ោង៥និង៥៧នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ នៅចំណុចស្ពសានដែកផ្លូវរថភ្លើង ចន្លោះភូមិថ្នល់ជប៉ុន សង្កាត់រលាប និងភូមិពោធិ៍តាគួយ សង្កាត់រលកស ក្រុង-ខេត្តពោធិ៍សាត់។ នារីរងគ្រោះ ត្រូវបានគេឲ្យដឹងថាឈ្មោះ ហេង ស្រីពេជ្រ អាយុ២៩ឆ្នាំ មានទីលំនៅកំណើតក្នុងភូមិបានលុង សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ដែលបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នារីដែលលោតទឹកធ្វើអត្តឃាតសម្លាប់ខ្លួន ត្រូវបានប្រជាពលរដ្ឋរសនៅក្បែគល់ស្ពាន ឃើញ និងបានរាយការណ៍ជូនសមត្ថកិច្ច ដោយនៅកន្លែងកើតហេតុបន្សល់នៅវត្ថុតាងរួមមានស្បែកជើង១គូ អាវ១ កាបូបស្ពាយ១ ក្នុងការបូបមានលុយ២ម៉ឺនរៀល ទូរសព្ទ័១គ្រឿង និងសម្ភារផាត់មុខផងដែរ។ អធិការនគបាលក្រុងពោធិ៍សាត់បានឲ្យដឹងនៅវេលាម៉ោង១១និង១៤នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះថា សាកសពនារីរងគ្រោះត្រូវបានការអនុញ្ញសតិឲ្យសមត្ថកិច្ចធ្វើការបូជា ដើម្បីទុក្ខធាតុនៅពេលបងប្អូននៅឆ្ងាយហើយដោយសារសាកសពលិចទឹក៣ថ្ងៃឡើងហើម និងមិនអាចរក្សាទុករង់ចាំបងប្អូនបានឡើយ ៕ ដោយ៖ សុក្ខារិន