លោក ប្រាក់ សុខុន នឹងទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ នៅអេស្ប៉ាញ រយៈពេល២ថ្ងៃ

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ (ASEM FMM14) នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ បើតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំនេះ ក្រោមមូលបទ “អាស៊ី និង អឺរ៉ុប – រួមគ្នាដើម្បីពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព” ដើម្បីពិភាក្សារិះរកមធ្យោបាយ ធ្វើឲ្យប្រព័ន្ធពហុភាគីនិយមដំណើរការឡើងវិញ និងដើម្បីកសាងការតភ្ជាប់ប្រកបដោយនិរន្តរភាព សម្រាប់ជាប្រយោជន៍ដល់ទ្វីបទាំងពីរ គឺ អាស៊ី និងអឺរ៉ុប។

នៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំ ASEM FMM14 នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញថ្លែងសុន្ទរកថា ផ្តោតជាសំខាន់ទៅលើបញ្ហាសមភាពយេនឌ័រ និងតួនាទីរបស់ស្រ្តីនៅក្នុងសន្តិភាព និងសន្តិសុខ ជាពិសេសនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN PKO)។ លោកក៏នឹងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ការងារ ដែលត្រូវបានរៀបចំឡើងក្នុងលក្ខណៈ ប្រជុំចង្អៀត ដែលក្នុងឱកាសនោះ លោក នឹងថ្លែងសុន្ទរកថា អំពីបញ្ហាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជម្រាបជូនកិច្ចប្រជុំអំពីការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅក្នុងឆ្នាំ២០២០ (13th ASEM Summit 2020)។ ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្រ្តីការបរទេស និងឥស្សរជនមួយចំនួននៃប្រទេសជាសមាជិក ASEM ផងដែរ។ កិច្ចប្រជុំ ASEM គឺជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប ដោយផ្តោតលើសសរស្តម្ភបី គឺ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក ASEM នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៤។ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ដែលនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយថែមទៀតសម្រាប់កម្ពុជា ហើយក៏ជាការបង្ហាញពីតួនាទីដ៏សកម្ម និងប្រកបដោយការស្ថាបនានៅក្នុងក្របខ័ណ្ឌ ASEM៕ ដោយ៖ ភក្តី