សម្តេចតេជោ៖ ការលើកយកបញ្ហា កែវ សុខផេង ថាជាកូនវៀតណាម ជារឿងដ៏អាក្រក់ និងអកុសលបំផុត (មានវីដេអូ)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា «វាជារឿងមួយដ៏អាក្រក់ ដែលខ្ញុំនិយាយសុំការពារដោយត្រង់តែម្តង នៅពេលដែលកីឡាបាល់ទាត់របស់យើងទាត់ចាញ់វៀតណាម បែរជាចោទទៅ កែវ សុខផេង ថាជាកូនរបស់វៀតណាម។ នេះ គឺជារឿងអកុសលបំផុត។ នៅពេលទាត់ឈ្នះម៉ាឡេស៊ី គឺថា កែវ សុខផេង ជាវីរបុរស»។ សម្តេចបានថ្លែងដូចនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចបានថ្លែងទៀតថា សូមឲ្យប្រជាពលរដ្ឋយោគយល់ចំពោះ កែវ សុខផេង ដែលមិ្សលមិញនេះ ទាត់មិនចូលមួយគ្រាប់ ហើយធ្វើឲ្យចាញ់មីយ៉ាន់ម៉ា និងមិនអាចទទួលមេដាយសំរឹទ្ធិ កីឡា គឺវាមានតែឈ្នះ និងចាញ់តែប៉ុណ្ណឹង។ សម្តេចបានលើកឡើងបន្តយ៉ាងដូច្នេះថា «នៅពេលដែលគេទាត់ចាញ់វៀតណាមថា កែវ សុខផេង គឺជាកូន មានម្តាយជាវៀតណាម។ ទោះបីម្តាយជាស្អីក៏ដោយ ជាតិស្អីក៏ដោយ។ កីឡាករជាតិរបស់យើង។ ខ្ញុំឃើញអត្ថបទរបស់វៀតណាមគេចុះ មុនការប្រកួតជាមួយកម្ពុជា។​ អ្នកកាសែតវៀតណាម គេសិក្សាអំពីប្រវត្តិរបស់កីឡាករកម្ពុជាម្នាក់ៗ គេឲ្យប្រុងប្រយ័ត្ន កែវ សុខផេង តែម្តង។ បានសេចក្តីថា កែវ សុខផេង គឺជាតារាសំខាន់នៅក្នុងក្រុម។ បែរជាយើងនាំគ្នាចោទ គ្រាន់តែរឿងលេងបាល់ទៅចោទគ្នា»។ ជាមួយគ្នានេះ សម្តេចសុំឲ្យពលរដ្ឋរបស់យើង មេត្តាយោគយល់ចំពោះរឿងនេះ ហើយសម្តេចបញ្ជាក់ទៀតថា រឿងលាបពណ៌នេះ គឺជារឿងរបស់ក្រុមប្រឆាំងផ្កាប់មុខប៉ុណ្ណោះ៕ ដោយ៖ សង្ក្រាន្ត