កម្ពុជា-អារ៉ាប់រួម នឹងចុះអនុស្សរណៈលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាពេលឆាប់ៗខាងមុខ

(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េត នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនេះ និងត្រៀមបញ្ជូន-ទទួលពលករកម្ពុជាឱ្យទៅធ្វើការនៅអារ៉ាប់រួម ខណៈមានការអះអាងថា បច្ចុប្បន្នការរស់នៅ និងការប្រកបការងារក្នុងប្រទេសនេះកំពុងមានសុខដុមនីយកម្មយ៉ាងល្អប្រសើរ។ ការអះអាងយ៉ាងដូច្នេះត្រូវបានលើកឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក សាអីហ្វ អាប់ឌុលឡា មហាម៉េដ ខាល់ហ្វាន អាល់ស្ហាមីស៊ី (Saif Abdulla Mohammed Khalfan Alshamisi) ឯកអគ្គរដ្ឋទូតអារ៉ាប់រួមដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

នៅមុនជំនួបពិភាក្សាខាងលើនេះ សេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ត្រូវបានបញ្ជូនពីខាងភាគីអារ៉ាប់រួមមកកាន់ភាគីកម្ពុជារួចមកហើយ ហើយបច្ចុប្បន្នក្រុមការងារជំនាញរបស់ភាគីកម្ពុជា ក៏កំពុងរួមគ្នាត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ។ លោកបណ្ឌិត អ៊ិត សំហេង បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ហើយក៏បានបង្ហាញការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងលើការជំរុញឱ្យមានអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ ដែលកំពុងដំណើរការយ៉ាងល្អ។ លោករដ្ឋមន្ត្រីបានបន្តថា នៅពេលអនុស្សរណៈត្រូវបានចុះហត្ថលេខារួចរាល់ វាជាការផ្ដល់ឱកាសថ្មីបន្ថែមទៀតដល់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ស្វែងរកការងារធ្វើនៅក្រៅប្រទេស និងទទួលបានប្រាក់ចំណូលខ្ពស់។ នៅក្នុងប្រទេសកម្ពុជាក៏សម្បូរការងារធ្វើ ហើយកន្លែងខ្លះក៏ខ្វះកម្លាំងពលកម្មទៅទៀត ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែផ្ដល់ឱកាស និងស្វែងរកការងារនៅក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋបន្ថែមទៀតដែរ។ លោកបានបញ្ជាក់ទៀតថា តាមរយៈការចេញទៅធ្វើការក្រៅប្រទេសនេះ បានជួយឲ្យពលករទទួលបានប្រាក់ចំណូលថែមទាំងទទួលបានបទពិសោធន៍ ជំនាញវិជ្ជាជីវៈទៀតផង។

លោកឯកអគ្គរដ្ឋទូតអារ៉ាប់រួម Abdulla Mohammed បានអះអាងថា នៅប្រទេសអារ៉ាប់រួមមានប្រជាជនរស់នៅយ៉ាងច្រើន ក្នុងនោះមានប្រមាណ២០០សញ្ជាតិ ដែលកំពុងរស់នៅ ប្រកបការងារ អាជីវកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងប្រទេសនេះប្រកបដោយសុខដុមនីយកម្ម។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលអារ៉ាប់រួមក៏បានដាក់ចេញគោលនយោបាយគាំពារសិទ្ធិ សេរីភាព និងផលប្រយោជន៍របស់ប្រជាជនដែលរស់នៅ ប្រកបការងារ អាជីវកម្ម និងធ្វើពាណិជ្ជកម្មក្នុងប្រទេសខ្លួនផងដែរ ដើម្បីធ្វើឱ្យការរស់នៅក្នុងប្រទេសនេះកាន់តែមានភាពសុខសាន្ត។ លោក Abdulla Mohammed បានបង្ហាញគោលបំណងចង់ឱ្យអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងអារ៉ាប់រួម ឈានទៅរកការចុះហត្ថលេខាឱ្យបានឆាប់រហ័ស។

សូមជម្រាបថា បច្ចុប្បន្នមិនទាន់មានពលករកម្ពុជាទៅធ្វើការនៅប្រទេសអារ៉ាប់រួម តាមរយៈក្រុមហ៊ុន ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអារ៉ាប់រួមនៅឡើយទេ ប៉ុន្តែអាចមានពលករកម្ពុជាមួយចំនួនបានទៅធ្វើការនៅទីនោះដោយខ្លួនឯង៕ ដោយ៖ ទិត្យ