ញ៉ូហ្សែឡែន បញ្ជាទិញស្បែកផ្ស៊ាំពីសហរដ្ឋអាម៉េរិក សម្រាប់ជនរងគ្រោះពីភ្នំភ្លើងផ្ទុះ

(អន្តរជាតិ)៖ ញ៉ូហ្សែឡែន បានបញ្ជាទិញស្បែកផ្ស៊ាំទំហំ១៨៦ ពាន់អ៊ីញការ៉េ ពីសហរដ្ឋអាម៉េរិក ដើម្បីជួយជនរងគ្រោះដែលរលាកខ្លួនប្រាណពីការផ្ទុះនៃភ្នំភ្លើងលើកោះដែលមានទេសចរចូលចិត្តទៅលេង។ ជនរងគ្រោះ ២៨ នាក់ ពីការផ្ទុះភ្នំភ្លើងលើកោះ​ White កាលពីថ្ងៃចន្ទ (០៩ ធ្នូ) កំពុងស្ថិតក្នុងស្ថានភាពមើលថែវេជ្ជសាស្ត្រ នៅតាមមន្ទីពេទ្យនានាក្នុងប្រទេសញ៉ូហ្សែឡែន ក្នុងនោះ ២៣ នាក់ស្ថិតក្នុងសភាពធ្ងន់ និងត្រូវការឲ្យមានការជួយផ្លូវដង្ហើម។

វេជ្ជបណ្ឌិត Pete Watson ប្រធានក្រុមវេជ្ជសាស្ត្រនៅស្រុក Makanau Health និយាយថា “យើងមានស្បែកនោះក្នុងសន្និធិ តែត្រូវការប្រភពផ្គត់ផ្គង់បន្ថែមដើម្បីស្រាយតម្រូវការស្បែកមកគ្រប និងស្បែកផ្ស៊ាំបណ្តោះ​អាសន្ន” ដោយសារតែ មានអ្នកជំងឺខ្លះរលាកខ្លួនប្រាណរហូតពី ៩០% ដល់ ៩៥%។ មានមនុស្ស ៤៧ នាក់នៅលើកោះខណៈភ្នំភ្លើងផ្ទុះ ដោយមានអ្នកខ្លះដើរតាមមាត់ភ្នំភ្លើង មាន៨នាក់ស្លាប់ និង៨នាក់ទៀត បាត់ខ្លួន។ ផ្សែងចំហាយ និងភក់ ដែលក្អែរចេញពីភ្នំភ្លើង បានពន្យារការរុករកអ្នកបាត់ខ្លួន៕ ដោយ៖ Kosal R