រថយន្តបែនវ៉ាជែងជ្រុលចង្កូតទៅបុកម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស២នាក់

(បាត់ដំបង)៖ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូ និងរថយន្តកាលពីយប់ថ្ងៃទី១១ ខែធ្នូ ២០១៩ម្សិលមិញ នៅក្រុមទី០១ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់នៅហ្នឹងកន្លែង។ ប្រភពពីសម្ថកិច្ចឲ្យដឹងថា មានរថយន្តបែន ពណ៌បៃតង មិនស្គាល់ស្លាកលេខ បើកបរពីទិសខាងត្បូងឆ្ពោះទៅជើង លុះដល់ចំណុចកើតហេតុ បានឡើងជែងរថយន្តនៅពីមុខ ក៏ជ្រុលចង្កូតទៅបុកម៉ូតូហុងដាឌ្រីម 125 ពណ៌ខ្មៅ សេរី ២០១៦ ពាក់ស្លាកលេខបាត់ដំបង 2W-2331 បើកទិសផ្ទុយគ្នា បណ្តាលឱ្យបុរសពីរនាក់ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ស្លាប់នៅកន្លែងតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៏នេះដែរ អ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណទេ (បើករត់គេចខ្លួនបាត់)។ ចំណែកជនរងគ្រោះគឺអ្នកបើកម៉ូតូឈ្មោះ សាន សារិន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងអ្នករួមដំណើរឈ្មោះ ទ្រីវ ធី ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយកើត ហេតុសម្ថកិច្ចនគរបាលស្រុកថ្មគោល ចុះវាស់វែងធ្វើកំណត់ហេតុ និងបន្តការស្រាវជ្រាវរករថយន្តបង្ក ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ បន្ទាប់ពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ទៅក្រុមគ្រួសារសពផងដែរ៕ ដោយ៖ ប៊ុនថេត (សម្រួល៖ សង្ក្រាន្ត)