លោកឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌនិងសង្កាត់មានវិធានការក្តៅចំពោះរថយន្តធំៗបំផ្លាញផ្លូវនៅក្នុងមូលដ្ឋានខណ្ឌបើ ដឹកបំផ្លាញ ត្រូវតែធ្វើសងវិញ

(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌនិងសង្កាត់មានវិធានការក្តៅចំពោះរថយន្តធំៗដឹកដី បំផ្លាញផ្លូវសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌ ដោយត្រូវមានវិធានការអោយបានម៉ឺងម៉ាត់ មានន័យថា បើរថយន្តទាំងនោះដឹកជញ្ជូនបំផ្លាញផ្លូវត្រូវតែអោយក្រុមហ៊ុននោះធ្វើការជួសជុលផ្លូវដែលខូចនោះឡើងវិញ។

លោកឃួង ស្រេងបានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើងគឺជាប្រទេសដែលកំពុងតែធ្វើការអភិវឌ្ឍន៍ ដូច្នេះទេ យើងមិនអាចហាមប្រាមមិនឲ្យរថយន្តដឹកទំនិញ ដឹកដែក ដឹកស៊ីម៉ង់ ដឹកដី ធ្វើចរាចរណ៍នោះទេ។ប៉ុន្តែយើងត្រូវតែគ្រប់គ្រងឱ្យបានល្អលើការដឹកជញ្ជូននេះ ពោលគឺ បើរថយន្តក្រុមហ៊ុនណាដែលដឹកបំភ្លេចបំផ្លាញផ្លូវ ក្រុមហ៊ុននោះត្រូវតែទទួលខុសត្រូវលើការស្ថាបនាជួសជុលផ្លូវនោះឲ្យបានស្អាតឡើងវិញជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។

ការជំរុញឲ្យមានវិធានការបែបនេះ របស់លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៤ខែធ្នូឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំក្រុមការងារចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ ប្រចាំខែធ្នូឆ្នាំ២០១៩ នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅដោយមានការចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រមាណ៤០០ នាក់។

ក្នុងឱកាសនោះដែរលោកឃួង ស្រេងក៏បានជំរុញឲ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាដែលជាដែលជាសេសាវ័ករបស់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អ បើយើងអនុវត្តការងារបម្រើប្រជាពលរដ្ឋមិនបានដល់កម្រិតដែលប្រជាពលរដ្ឋចង់បានទេ នោះបញ្ហាប្រឈមនឹងកើតមកលើខ្លួនយើងវិញហើយ ដូច្នេះទេ យើងត្រូវតែខិតខំបំពេញការងារនេះឲ្យបានល្អដើម្បីទទួលបាននូវការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ។

អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅលោកសុខ សម្បត្តិក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងដែរថា ជាទិសដៅនិងការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលបាននិងកំពុងធ្វើ គឺការរក្សាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ការបម្រើសេវាអោយនៅកៀនកិតជាមួយពួកគាត់ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ដូចជាផ្លូវថ្នល់ លូទឹក ជាដើម។ 

គួរបញ្ជាក់ថា ការបង្កើតអោយមានកិច្ចប្រជុំក្រុមការងារគណបក្សខាងលើនេះគឺមានគោលបំណងដើម្បីស្វែងរកចំណុចវិជ្ជមាន អវិជ្ជមាននិងការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយជូនពួកគាត់ ក្នុងនាមដែលអាជ្ញាធរជាអាណាព្យាបាលរបស់ពួកគាត់៕ ដោយ៖ ហែម រដ្ឋា