ការប្រើគ្រឿងចក្រទំនើបខួងដី (ជែកឃីង) ជម្រៅ៨ម៉ែត្រ ដាក់លូ ស្វ័យប្រវត្តិ ដោយមិនបាច់ប្រើប្រាស់មនុស្សបានបញ្ចប់ជំហានទី១ហើយ

(ភ្នំពេញ)៖ គិតមកដល់ពេលនេះ ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដោយប្រើគ្រឿងចក្រទំនើបខួងដី (ជែក ឃីង)ដាក់លូ ស្វ័យប្រវត្តិ ដោយមិនបាច់ប្រើប្រាស់មនុស្សចុះទៅក្នុងការដ្ឋានក្រោមដីបានបញ្ចប់ជំហានទី១ហើយ ដែលមានប្រវែង៣០០ម៉ែត្រ។

លោកជូ ម៉េងទ្រី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា គម្រោងនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីជំហានទី១នេះ មានប្រវែង៣០០ម៉ែត្រ ដោយចាប់ផ្តើមពីមុខវិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនវត្តភ្នំ ខណ្ឌដូនពេញ រហូតដល់ផ្លូវលេខ៧០ (ទំនប់ទួលគោក)កាត់ក្រោមរង្វង់មូលគួចកាណុង ។ គិតមកដល់ពេលនេះគម្រោងជំហានទី១ នេះបានបញ្ចប់ហើយ ហើយក្រុមការងារនិងបន្តជំហានទី២នៅក្នុងខែធ្នូនេះ ដោយចាប់ផ្តើមពីមុខវិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនវត្តភ្នំ ខណ្ឌដូនពេញ រហូតដល់មុខស៊ីឌីស៊ី មានប្រវែងជាង១០០០ម៉ែត្រ។

គួរបញ្ជាក់ថា បច្ចេកវិទ្យាថ្មីដោយប្រើគ្រឿងចក្រទំនើបដោយខួងដី(ជែក ឃីង)នេះបានចាប់ផ្ដើម បើកការដ្ឋានអោយដំណើរការកាលពីព្រឹកថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០១៩នៅ មុខវិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនវត្តភ្នំ ខណ្ឌដូនពេញក្រោមវត្តមានលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គការចៃកា។

គម្រោងខួងដី (ជែក ឃីង )ដាក់លូ ស្វ័យប្រវត្តិដោយមិនបាច់ប្រើប្រាស់មនុស្សចុះទៅក្នុងការដ្ឋានក្រោមដីនេះ ទើបតែមានជាលើកទី១នៅរាជធានីភ្នំពេញ ហើយជាគម្រោងនិងខួងដី(ជែក ឃីង ) ដាក់លូ ជាស្វ័យប្រវត្តិ នៅក្រោមដីនេះ លើចម្ងាយផ្លូវប្រវែង១៥៦០ម៉ែត្រ ក្នុងជម្រៅក្រោមដី ៨ម៉ែត្រ។

ការប្រើប្រាស់បច្ចេកវិជ្ជាថ្មីមួយនេះវាមិនរំខានទៅដល់ការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានានោះទេ ព្រោះវាខួងនៅក្រោមដីជម្រៅរហូតដល់៨ម៉ែត្រ ហើយនេះក៏ជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី៤របស់ចៃកាផងដែរ ដែលគម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញជាម្ចាស់ អ្នកអនុវត្តគម្រោង គឺមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនស៊ីធីអាយវិស្វកម្មអន្តរជាតិ និងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនសំណង់ ភូអាខបភើរេសិន។

គួរបញ្ជាក់ទៀតថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។ គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។

២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ។ ៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។

៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕ ដោយ៖ ហែម រដ្ឋា