លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក IGO MISHUTKIN នាយកសាកលវិទ្យាល័យការពារប្រទេសសហព័ន្ធរុស្សី

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក IGO MISHUTKIN នាយកសាកលវិទ្យាល័យការពារប្រទេសសហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

នៅក្នុងជំនួបសន្ទនានោះ ក្នុងនាមកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ចំពោះ គណៈប្រតិភូនៃប្រទេសរុស្ស៊ីដែលដឹកនាំដោយឧត្តមសេនីយ៍ឯក IGO MISHUTKIN មកកាន់ព្រះរាជាណាចក្រកម្ពុជា។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី ដែលតែងតែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ និងជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ចាប់តាំងពីដើមរៀងមក។ ក្រៅពីនេះទៀត ប្រទេសរុស្ស៊ីក៏បានជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចំរើន និងមានកិច្ចសហប្រតិបត្តិការល្អលើវិស័យផ្សេងៗជាច្រើនទៀត ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើសុំឲ្យប្រទេសរុស្ស៊ីបន្តយកចិត្តទុកដាក់បណ្ដុះបណ្ដាលសមត្ថភាពផ្នែកវិស័យយោធាដល់នាយទាហានកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការល្អលើវិស័យផ្សេងៗជាច្រើនទៀត។

លោកឧត្តមសេនីយ៍ឯក IGO MISHUTKIN បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅព្រះរាជាណាចក្រកម្ពុជា ហើយលោកសង្ឃឹមថា កម្ពុជា នឹងបន្តធ្វើការអភិវឌ្ឍរីកចំរើនទៅមុខទៀត និងមានសន្តិភាពល្អប្រសើរទៅថ្ងៃអនាគត។ លោកឧត្តមសេនីយ៍ឯក នាយកសាកលវិទ្យាល័យការពារប្រទេសសហព័ន្ធរុស្សីរូបនេះ បានបញ្ជាក់ទៀតថា ប្រទេសរុស្សីនឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថេរភាព និងរួមចំណែកជំរុញដល់ការអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍប្រទេសកម្ពុជាអោយមានការរីកចំរើនថែមទៀត។

សូមបញ្ជាក់ថា ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងនាយកសាកលវិទ្យាល័យការពារប្រទេសសហព័ន្ធរុស្ស៊ី នាពេលនេះ គឺផ្ដោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហការនៃប្រទេសទាំងពីរលើយោធា និងវិស័យផ្សេងៗ ដើម្បីសេចក្តីសុខរបស់ប្រជាជន និងការអភិវឌ្ឍនៃប្រទេសទាំងពីរ៕ ដោយ៖ ភក្តី