ខាំ សាបាន និង អៀប លីឆា កក់កៅអីជុំទី២មុនគេសម្រាប់រដូវកាលថ្មី

(​ភ្នំពេញ)៖ ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement រដូវកាលថ្មីបានចាប់ផ្ដើមហើយនៅយប់ថ្ងៃទី១៤ធ្នូ ដោយមានអ្នកប្រដាល់ចំនួន៣២រូបមកពីសមាគម ក្លិបចូលរួម ។

ទាំងលោក ស៊ិន សុផាត តំណាងទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងលោក យ៉ៅយ៉េន អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានថ្លែងក្នុពិធីបើកការប្រកួតរដូវកាលថ្មីស្រដៀងគ្នាថាសូមចៅក្រម អាជ្ញាកណ្ដាលត្រូវបំពេញការងារដោយយុត្តិធម៌ ចំពោះកីឡាករត្រូវប្រកួតឲ្យអស់ពីសមត្ថភាព ។

នៅថ្ងៃបើកឆាកដំបូង ដែលមាន២ប្រកួតនោះអ្នកប្រដាល់ចិត្រ សុភី ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតចាញ់អ្នកប្រដាល់អៀប លីឆាក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុ។ ការប្រកួតដែលមានតែ៣ទឹកនោះភាគច្រើននៃ​ការប្រកួតអៀប លីឆាជាអ្នកមានប្រៀប ។

បន្ទាប់ពីប្រកួតគ្នា៣ទឹកពេញនោះអៀប លីឆាបានទទួលជ័យជំនះលើចិត្រ សុភីដោយពិន្ទុ។ លីឆា ត្រឿមខ្លួនឡើងប្រកួតវគ្គជម្រុះជុំទី២ក្នុងខណៈដែលចិត្រ សុភីហាលអាវទាំងព្រលឹមអុរនោះ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ ខាំ សាបាន របស់ក្លិបរ៉ាហាប់ស្វាយប៉ាកបានយកឈ្នះអ្នកប្រដាល់ពុទ្ធ អ៊ុំអ៊័ន ក្លិបពុទ្ធសេរីវង្សបានដោយពិន្ទុ ។

ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះមានមក្ខណៈតឹងតែងគ្រាន់បើ ។អ្នកប្រដាល់ទាំង២រូបនេះមិន​សូវមាននរណាស្គាល់នោះឡើយព្រោះពួកគេជាអ្នកប្រដាល់ថ្មីទោះជាយ៉ាងណាក៏ពួកគេប្រកួតគ្នាពេញទាំង៣ទឹកដោយលទ្ធផលចុងក្រោយខាំ សាបានជាអ្នកឈ្នះដោយពិន្ទុ ។

ខាំ សាបានត្រៀមខ្លួនឡើងប្រកួតបន្តនៅជុំទី២ដែលគូប្រកួតរបស់គេនៅជុំទី២គឺអៀប លីឆា។ ចំពោះពុទ្ធ អ៊ុំអ៊័នខ្ទាតចេញពីការប្រកួតត្រឹមទាំងព្រលឹមដែរ ។

ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះ យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ថៃមឿង ភេច(Moeung Phich)មុនស្នូរជួងបញ្ចប់ទឹកទី២ ។

នៅទឹកទី២កែងរបស់ យក្សផ្លែ បានធ្វើឲ្យមឿង ភេច ដួលហើយត្រួវអាជ្ញាកណ្ដាលរាប៨ម្ដងហើយតែគេនៅបន្តការប្រកួតបានទៀតតែយក្សផ្លែបានបញ្ចប់សកម្មភាពមឿង ភេចបាននៅត្រឹមទឹកទី២ដោយសារកណ្ដាប់ដៃរបស់ខ្លួន។

សូមបញ្ជាក់ថា ៤ប្រកួតចុងក្រោយជាប់ៗគ្នានេះយក្សផ្លែឈ្នះអ្នកប្រដាល់ថៃជាប់ៗគ្នាតែម្តង ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះឡុង រ៉ាមីក្លិបខ្លារខិនកីឡាប្រកួតឈ្នះអ្នកប្រដាល់ពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្សបានដោយពិន្ទុ ៕ដោយ៖កូនដូច